ក្រុមទាហានថៃបន្តរុលចូលរាយបន្លាលួសនៅភូមិជោគជ័យ

ក្រុមទាហានថៃប្រដាប់អាវុធ និងខ្លះកាន់ដំបងបានរុញច្រាន និងចង្អុលមុខគំរាមមកលើពលរដ្ឋខ្មែរ ដែលលើកគ្នាទៅរារាំងក្រុមទាហានថៃទាំងនោះ បន្ទាប់ពីដើរចូលមកទឹកដីខ្មែរតាមព្រំដែន ដើម្បីព្យាយាមរាយបន្លាលួសបន្ថែមនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែកញ្ញា។

ក្រុមទាហានថៃប្រដាប់ដោយអាវុធនិងដំបងបន្តរុលចូលរាយបន្លាលួសនៅភូមិជោគជ័យ ក្រុមទាហានថៃប្រដាប់អាវុធ និងខ្លះកាន់ដំបងបានរុញច្រាន និងចង្អុលមុខគំរាមមកលើពលរដ្ឋខ្មែរ ដែលលើកគ្នាទៅរារាំងក្រុមទាហានថៃទាំងនោះ ចូលមកទឹកដីខ្មែរតាមព្រំដែន។

ក្រុម​ពលរដ្ឋ​ខ្មែរ​ប្រហែល​១រយ​នាក់​បាន​នាំគ្នា​ឈរ​ពាំង ដើម្បី​រារាំង​ក្រុម​ទាហាន​ថៃ កុំ​ឱ្យ​ដើរ​រុល​ចូល​មក​ទឹក​ដី​ខ្មែរ និង​រាយ​បន្លា​លួស​នៅ​លើ​ដី​ស្រែ ចម្ការ​អំពៅ​របស់​ពួកគាត់​នៅ​ភូមិ​ជោគជ័យ។ ក្រុម​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ បាន​ឈរ​ស្រែក​បណ្ដេញ​ក្រុម​ទាហាន​ថៃ​ប្រហែល​៣០នាក់​ប្រដាប់​ដោយ​អាវុធ​វែងខ្លី រហូត​ពួកគេ​សម្រេច​ដក​ថយ​ត្រឡប់​ទៅ​ក្រោយ​វិញ។

ការ​ប៉ះទង្គិច​គ្នា​ជាថ្មី​រវាង​ពលរដ្ឋ​ខ្មែរ​និង​ទាហាន​ថៃ​នៅ​ក្នុង​ភូមិ​ជោគជ័យ​នេះ បាន​កើតឡើង​ក្រោយ​ពី​អភិបាល​ខេត្ត​ស្រះកែវ​របស់ថៃ បាន​ដាក់​លិខិត​មក​កាន់​អភិបាល​ខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី ថា ទាហាន​ថៃ​និង​អាជ្ញាធរ​ថៃ​នឹង​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​១៧០គ្រួសារ​ចេញ​ពី​លំនៅឋាន ស្ថិត​នៅ​ក្នុង​ឃុំអូរបីជាន់ ដែល​ភាគី​ថៃ​អះអាង​ថា ជា​ទឹក​ដី​របស់​ថៃ​ស្ថិត​ក្នុង​ភូមិ​បានណងចាន់ និង​ភូមិបានណងយ៉ាកែវ។

ទោះជាយ៉ាងណា អភិបាល​ខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី បាន​ចេញ​លិខិត​ឆ្លើយតប​ថា ការ​ចេញ​លិខិត​គំរាម​បណ្ដេញ​ពលរដ្ឋ​ទាំង​១៧០គ្រួសារ​នោះ គឺ​ជា​ការ​បំពាន​លើ​បទ​ឈប់​បាញ់ និង​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការ​វាស់វែង​ខណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជា-ថៃឆ្នាំ (MoU) ២០០០។

លោក អ៊ុំ រាត្រី បាន​ស្នើ​ឱ្យ​អភិបាល​ខេត្ត​ស្រះកែវ​របស់​ថៃ ត្រូវ​ទុក​ឱ្យ​ស្ថានភាព​ព្រំដែន និង​ស្ថានភាព​ពលរដ្ឋ​រស់​នៅ​តាម​ព្រំដែន ឱ្យ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) និង​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក (JBC) ជា​អ្នក​មាន​សមត្ថកិច្ច​ដោះស្រាយ។

អំឡុង​ពេល​ពលរដ្ឋ​ខ្មែរ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​ទាហាន​ថៃ​នៅ​ភូមិ​ជោគជ័យ ទំព័រ​ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ជុំវិញ​សកម្មភាព​ក្រុម​យោធា​ថៃ ចូល​រាយ​បន្លា​លួស​ជាបន្តបន្ទាប់​តាំង​ពី​ថ្ងៃ​ទី១២ ខែសីហា ធ្វើ​ឱ្យ​ប៉ះពាល់​ការ​រស់នៅ​និង​ការ​អាស្រ័យផល​យូរ​លង់​មក​ហើយ​របស់​ពលរដ្ឋ​ខ្មែរ នៅ​ភូមិជោគជ័យ និង​ភូមិព្រៃចាន់ គឺ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការងារ​យ៉ាង​សកម្ម និង​ប្រើប្រាស់​យន្តការ​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​តវ៉ា​ទៅ​ភាគី​ថៃ និង​ជូន​ដំណឹង​ទៅ​ភាគី​ពាក់ព័ន្ធ តាម​គ្រប់​មធ្យោបាយ​ការទូត​ស្រប​តាម​ច្បាប់​អន្តរជាតិ។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ថា អំឡុង​ពេល​លោក ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​បរទេស ជាពិសេស​នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) និង​ប្រធាន​ប្ដូរ​វេន​អាស៊ាន​លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ពី​ថ្ងៃ​ទី៣១ ខែសីហា ដល់​ថ្ងៃ​ទី០១ ខែកញ្ញា គឺ​លោក ហ៊ុន ម៉ាណែត បាន​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ពី​ភាគី​ទី​៣ ដើម្បី​ជំរុញ​ឱ្យ​ថៃ​គោរព​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ និង​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្ដិវិធី​និង​ស្រប​តាម​ច្បាប់​អន្តរជាតិ។

ខណៈ​ប្រទេស​ថៃ​បាន​ដាក់​ពង្រាយ​ក្រុម​ប៉ូលិស​ប្រដាប់​ដោយ​ខែល និង​ក្រុម​ទាហាន ដើម្បី​ព្យាយាម​ចូល​រាយ​បន្លា​លួស​ជាថ្មី​នៅ​ភូមិជោគជ័យ គឺ​ក្រុម​ពលរដ្ឋ​ខ្មែរ​ក៏​បាន​នាំគ្នា​សាងសង់​រោងតង់​នៅ​ក្នុង​ចម្ការ​អំពៅ ដើម្បី​យាម​ចាំ​ដី​ស្រែ​ចម្ការ​ពួកគាត់ ពី​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។