រដ្ឋសភាដែលមានតែបក្សកាន់អំណាច នៅព្រឹកថ្ងៃទី១០ ខែកក្កដា បានពិនិត្យ និងអនុម័តខ្លឹមសារថ្មីនៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលមានបំណងហាមទណ្ឌិតកុំឲ្យលូកលាន់ក្នុងកិច្ចការគណបក្សនយោបាយតទៅទៀត ប្រកបដោយជោគជ័យ ទោះបីជាមានការរិះគន់ និងគ្មានវត្តមានតំណាងរាស្ត្របក្សប្រឆាំងក្ដី។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ យល់ថា ច្បាប់នេះមិនបានលើកកម្ពស់ប្រជាធិបតេយ្យនោះទេ។ រីឯបក្សប្រឆាំង ទាមទារឲ្យបញ្ឈប់ការអនុម័តច្បាប់នេះជាបន្ទាន់ ដើម្បីធានាការពារផលប្រយោជន៍ជាតិ និងការបង្រួបបង្រួមជាតិ។
សមាជិករដ្ឋសភាពីគណបក្សកាន់អំណាចចំនួន ៦៦រូប ឯកភាពអនុម័តទាំងស្រុងលើសំណើកែប្រែច្បាប់គណបក្សនយោបាយជាលើកទី២ តាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈបក្សប្រឆាំងធ្វើពហិការមិនចូលប្រជុំក្ដី។
ការប្រជុំពិភាក្សា និងអនុម័តលើសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ កក្កដា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥។ សមាជិកសភាបក្សកាន់អំណាចធ្វើដូចទម្លាប់ ឲ្យតែគណបក្សនេះចង់អនុម័តច្បាប់អ្វី គឺសម្រេចដោយឯកបក្ស ដោយពុំខ្វល់ចំពោះការជំទាស់ពីដៃគូបក្សប្រឆាំងឡើយ ទោះបីជាអ្នកជំនាញខាងច្បាប់សម្ដែងក្ដីកង្វល់ពីផលប៉ះពាល់នៅពេលច្បាប់នោះចូលជាធរមានក្ដី។
ក្នុងកិច្ចប្រជុំនោះ ពុំមានវត្តមានរបស់លោក ហ៊ុន សែន និងអ្នកស្រី ម៉ែន សំអន ទេ ប៉ុន្តែយ៉ាងណាក្តី តំណាងរាស្ត្របក្សកាន់អំណាចដែលមានកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ម្នាក់ផងនោះ បានឡើងការពារថា ច្បាប់នេះបានជួយជំរុញដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ទន្ទឹមនឹងការពង្រឹងនីតិរដ្ឋឲ្យកាន់តែរឹងមាំ។
លោក ហ៊ុន ម៉ានី លើកឡើងថា សេចក្តីស្នើច្បាប់ជាលើកទីពីរនេះ នឹងជួយតម្រង់ទិសអ្នកនយោបាយខ្មែរឲ្យប្រកួតប្រជែងគ្នាដោយគិតពីផលប្រយោជន៍ជាតិ និងការពារសន្តិភាព ដោយមិនបានសំដៅលើបុគ្គល ឬឥស្សរជននយោបាយ ឬក៏គណបក្សនយោបាយណាមួយនោះទេ។ លោកស្នើឲ្យអនុវត្តច្បាប់ដែលឪពុករបស់លោកបានស្នើធ្វើវិសោធនកម្មលើកទីពីរនេះ ឲ្យមានប្រសិទ្ធភាព៖ « ផ្អែកទៅលើ មូលដ្ឋាននេះ បើសិនជាមានការធ្វើខុសទៅលើអ្វីដែលមានចែងនៅក្នុងច្បាប់ហើយ គឺខ្ញុំស្នើឲ្យមានការអនុវត្តច្បាប់ទៅតាម អ្វីដែល មានចែង នៅក្នុង ច្បាប់នេះ ដែលមាន ជាធរមាន ដើម្បីការពារ សុខសន្តិភាព ការពារជាតិ ស្ថិរភាព ការពារ ផលប្រយោជន៍ ជាតិ ដើម្បីផ្ដោត អារម្មណ៍ផ្អែកទៅលើ មូលដ្ឋាន ស្ថិរភាព និង សុខសន្តិភាព »។
ខ្លឹមសារច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានសមាជិករដ្ឋសភាបក្សកាន់អំណាចអនុម័តនោះ មានបន្ថែមមាត្រាមួយចំនួន ក្នុងនោះក៏មាន ៣ចំណុចទៀត ត្រង់មាត្រា៦ រួមមាន ទី១ គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួន។ ទី២ មិនត្រូវយល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឲ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួន និងទី៣ មិនត្រូវគាំទ្រ ឬរៀបចំផែនការ ឬឃុបឃិតជាមួយរាល់បុគ្គលដែលធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំង និងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា ដូចមានចែងពីចំណុចទី១ ដល់ចំណុចទី៥ ខាងលើឡើយ។
ចំពោះទោសទណ្ឌដល់គណបក្សនយោបាយដែលបានប្រព្រឹត្តផ្ទុយពីច្បាប់នេះវិញ គឺតុលាការអាចសម្រេចផ្អាកសកម្មភាពគណបក្សនយោបាយនោះមិនលើសពី ៥ឆ្នាំ ឬអាចរំលាយគណបក្សនោះចោលតែម្តង ដោយយោងតាមមាត្រា៧ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។
ទោះបីជាមានការកែប្រែ និងបន្ថែមមាត្រាមួយចំនួននេះរួចហើយក្តី ប៉ុន្តែលោក ហ៊ុន ម៉ានី ក៏ថ្លែងដោយទំនងជាលោកចង់ឲ្យសភាបន្តកែប្រែ ឬបន្ថែមមាត្រាមួយចំនួនទៀត ដើម្បីហាមកុំឲ្យអ្នកនយោបាយ ឬគណបក្សនយោបាយយកមុខមាត់ប្រទេសជាតិទៅបង្អាប់បង្អោនដើម្បីទាញយកសន្លឹកឆ្នោត។ ការលើកឡើងនេះ បន្ទាប់ពីលោកថ្លែងរិះគន់បញ្ឆិតបញ្ឆៀងលើលោក សម រង្ស៊ី ទាក់ទងនឹងការអំពាវនាវឲ្យសហគមន៍អឺរ៉ុប បញ្ឈប់ការនាំចូលផលិតផលពីកម្ពុជា និងថ្លែងរិះគន់លើលោក កឹម សុខា ដែលថាប្រទេសកម្ពុជា ខ្វះបង្គន់អនាម័យប្រើប្រាស់ ជាដើម៖ « ជាការ សំណូមពរក្នុងនាម ជាយុវជនជំនាន់ក្រោយ មួយរូប កុំយកមុខមាត់ប្រទេសជាតិដើម្បីការចំណេញសន្លឹកឆ្នោតនោះ វា មានអី ផ្សេង ច្រើនណាស់ ដើម្បីប្រកួតប្រជែងដណ្ដើមសន្លឹកឆ្នោត តែការបង្អាប់បង្អោននូវមុខមាត់ប្រទេសជាតិដែលយើងខំប្រឹងប្រែង មិនមែនសាមញ្ញទេ ។ ឧទាហរណ៍មោទនភាពប្រាសាទព្រះវិហារ »។
ស្របពេលដែលសមាជិកសភាគណបក្សកាន់អំណាចប្រជុំសភា និងអនុម័តលើការកែប្រែច្បាប់ស្ដីពីគណបក្សនយោបាយនោះ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗនៅព្រឹកថ្ងៃទី១០ កក្កដា ដោយប្រកាសមិនគាំទ្រចំពោះការអនុម័តនេះទេ ហើយទាមទារឲ្យបញ្ឈប់ការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់នេះ ដើម្បីធានាការពារផលប្រយោជន៍ជាតិ ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ។
ក្រុមសមាជិកសភាគណបក្សប្រឆាំងបញ្ជាក់ពីមូលហេតុដែលពហិការមិនចូលរួមអនុម័តច្បាប់នេះ មានពីរចំណុចសំខាន់ៗ គឺទី១ សេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ មានចរិតនយោបាយ គាបសង្កត់ទៅលើសិទ្ធិបុគ្គល និងគាបសង្កត់មកលើគណបក្សនយោបាយក្នុងន័យកម្ចាត់ខ្មែរគ្នាឯង និងគាបសង្កត់គូប្រជែងនយោបាយតែប៉ុណ្ណោះ។ ទី២ សេចក្ដីស្នើច្បាប់នេះ មិនស្របតាមគោលការណ៍នីតិរដ្ឋ ហើយផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
កាលពីថ្ងៃទី២៨ មិថុនា លោក ហ៊ុន សែន បានស្នើដល់ក្រុមតំណាងរាស្ត្ររបស់លោកទាំងអស់នាំគ្នាពិនិត្យមើលច្បាប់ស្ដីពីគណបក្សនយោបាយជាថ្មីម្ដងទៀត ដើម្បីធ្វើវិសោធនកម្មច្បាប់នេះ ដោយកំណត់កុំឲ្យទណ្ឌិតអាចលូកលាន់ក្នុងកិច្ចការគណបក្សនយោបាយតទៅទៀត។ ថ្វីត្បិតតែលោក ហ៊ុន សែន ប្រកាសមិនចំឈ្មោះជាទណ្ឌិតរូបណា ក៏ប៉ុន្តែគេគ្រប់គ្នាដឹងថា សំណើរបស់លោកនាយករដ្ឋមន្ត្រីបែបនេះ គឺសំដៅតែមួយគត់ទៅរកអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងជាប់ពាក្យបណ្ដឹងជាច្រើននៅក្នុងតុលាការ។
ឆ្លើយតបនឹងការអនុម័តច្បាប់នេះដែរ លោក សម រង្ស៊ី ក៏បានបង្ហោះសារសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយចំអកឲ្យលោក ហ៊ុន សែន ថា គួរឲ្យអស់សំណើចដែលលោក ហ៊ុន សែន បញ្ជាអាម៉ីអាថោងក្នុងរដ្ឋសភាទីងមោង ឲ្យបង្កើត “ច្បាប់” មួយដែលសំដៅមកលើបុគ្គលម្នាក់តែប៉ុណ្ណោះ គឺរូបលោកតែម្តង។ លោក សម រង្ស៊ី បន្តថា សាធារណមតិឃើញច្បាស់ហើយឥឡូវនេះ ថា ហ៊ុន សែន ខ្លាចលោកណាស់ ដោយសារតែលោកជាសត្រូវដ៏ជិតស្និទ្ធជាងគេរបស់គាត់ ហើយគ្រាន់តែឈ្មោះ រូបថត សំឡេង ស្រមោល ឬអ្វីដែលរម្លឹកពីវត្តមានរបស់លោកនោះ ធ្វើឲ្យលោក ហ៊ុន សែន ដេកមិនលក់ដែរ។
ក្រៅពីបក្សប្រឆាំងនោះ ការធ្វើវិសោធនកម្មច្បាប់នេះក៏ត្រូវមជ្ឈដ្ឋានទូទៅរិះគន់ជាបន្តបន្ទាប់ដែរ ព្រោះថាការអនុម័តច្បាប់ដែលចែងបែបនេះផ្ទុយពីរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។ល។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត ចាន់ វិបុល លើកឡើងថា អ្នកធ្វើវិសោធនកម្មច្បាប់នេះ គឺកំពុងតែបង្ហាញពីការភ័យខ្លាចក្នុងការប្រកួតប្រជែងគ្នាតាមបែបប្រជាធិបតេយ្យ ប៉ុន្តែលោកថា វានឹងផ្តល់ព័ត៌មានកាន់តែច្បាស់ដល់ប្រជាពលរដ្ឋ ដើម្បីធ្វើសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវជ្រើសរើសមេដឹកនាំដែលល្អ ជួយពង្រីកប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងការគោរពសិទ្ធិមនុស្ស៖ « ខ្ញុំ មើលឃើញ ៣ចំណុច ទី១ តម្លៃរបស់រដ្ឋសភា កំពុងត្រូវបានធ្លាក់ចុះយ៉ាងធ្ងន់ ហើយ ទី២ អ្នកតាក់តែង ច្បាប់ កំពុងតែបង្ហាញអំពីការភ័យខ្លាចអំពីការប្រកួតប្រជែងប្រជាធិបតេយ្យ ។ ចំណុចទី៣ គឺ បានធ្វើឲ្យ ស្មារតីនៃរដ្ឋធម្មនុញ្ញ ឲ្ យច្បាប់ជាតិ អន្តរជាតិមួយចំនួនដែលទាក់ទងដល់ការផ្តល់នូវសេរីភាព បញ្ចេញមតិ ការរួមចំណែក នូវក្នុង បញ្ហានយោបាយ ត្រូវបាន ប៉ះទង្គិច ។ ប្រសិនបើយើងនិយាយអំពីទណ្ឌិត វាមានស្ថានភាពផ្សេងៗគ្នា សូម្បីជាទណ្ឌិតក៏ដោយ ក៏គេ មានឱកាស ក្នុងការលើកឡើង នូវគំនិតយោបល់ របស់គេ ដែរ »។
កាលពីថ្ងៃទី២០ កុម្ភៈ កន្លងទៅនេះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ធ្លាប់នាំគ្នាអនុម័តវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយទាំងប្រញាប់ប្រញាល់នេះម្ដងរួចទៅហើយ ដើម្បីរារាំងលោក សម រង្ស៊ី មិនអាចធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ បាន ដោយសារតែលោកជាទណ្ឌិត ទោះជាច្បាប់នេះរងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិយ៉ាងណាក្ដី។
លោកបណ្ឌិត ចាន់ វិបុល ពន្យល់ថា តាមគោលការណ៍ប្រជាធិបតេយ្យ គឺបង្កើតច្បាប់ទាំងឡាយណាដែលផ្តល់សេរីភាពពេញលេញដល់រូបវន្តបុគ្គល និងនីតិបុគ្គល ដើម្បីរួមចំណែកក្នុងការផ្តល់គំនិតយោបល់ និងរួមចំណែកយ៉ាងពេញលេញក្នុងវិស័យនយោបាយ សង្គម និងសេដ្ឋកិច្ច ប៉ុន្តែបើស្មារតីនៃច្បាប់ទាំងឡាយណាដែលបញ្ច្រាសអំពីគោលទស្សនៈ គឺមិនបានជួយលើកស្ទួយប្រជាធិបតេយ្យ ដូចអ្វីដែលតំណាងរាស្ត្របក្សកាន់អំណាចអះអាងឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។